យុវជនខាងលើត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវបេតុងបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
យុវជនសង្ស័យខាងលើមានឈ្មោះ សំ គា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅបានឲ្យដឹងថា មុនពេលដែលធ្វើការឃាត់ខ្លួនបានយុវជនរូបនេះ ក្រុមសមត្ថកិច្ចរបស់លោកបានទទួលពត៌មានពីបងប្អូនប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានរាយការណ៍ថា មានយុវជនចំនួន២នាក់ មានថ្នាំញៀននៅនឹងខ្លួន កំពុងធ្វើសកម្មភាពចែកចាយ។
គ្រាន់តែទទួលបាននូវពត៌មាននេះភ្លាម លោកមេប៉ុស្តិ៍សង្កាត់ចោមចៅ ចាត់កំលាំងចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដែលលាក់ទុកថ្នាំញៀននៅជាប់នឹងខ្លួន ដោយនៅក្នុងកញ្ចប់បារីចំនួន៦កញ្ចប់តូច ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។
តាមប្រភពពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើ បានឲ្យដឹងថាយុវជនខាងលើ និងបក្ខពួកមួយចំនួនទៀត គឺពួកគេឧស្សាហ៍ប្រើប្រាស់និងមានការចែកចាយយ៉ាងសកម្មក្នុងមូលដ្ឋានខាងលើ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរកឃើញ និងដកហូតបានថ្នាំញៀនចំនួន៦កញ្ចប់តូច ទូរស័ព្ទចុចពិល១គ្រឿង ហើយត្រូវបានកំលាំងនគរបាលប៉ុស្តិ៍ចោមចៅ ចាប់ឃាត់ខ្លួនសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង
ផ្តល់សិទ្ធដោយ ៖Khmer79
No comments:
Post a Comment