គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូពីគ្រឿងពន្លះគ្នាក្នុងទិសដៅបញ្ច្រាស់គ្នានោះ គឺម៉ូតូហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1R-7714 បុកគ្នាជាមួយនិងម៉ូតូអ៊ែប្លែក ពាក់ស្លាកលេខ ភ្នំពេញ 1AC-8797 ពេញទំហឹងខណៈបើកបរតាមផ្លូវលេខ២៧១ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូពីរគ្រឿងខាងលើបុកគ្នារបួសធ្ងន់ទាំងសងខាង ភ្លាមៗនោះដែរគេឃើញប្រជាពលរដ្ឋជាច្រើនបានមកចោមរោមមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដែលធ្វើឱ្យស្ទះចរាចរណ៍ពេញផ្លូវ ខណៈសមត្ថកិច្ចមិនទាន់បានធ្វើការវាស់វែង។ ស្របពេលនោះដែរក៏មានរថយន្តហាយឡិនឌ័ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Y-3925 ពណ៌ទឹកប្រាក់មួយគ្រឿងបើកដោយបុរសម្នាក់និងរួមដំណើរដោយបុរសម្នាក់ទៀត តាមផ្លូវលេខ២៧១ យ៉ាងលឿនក្នុងស្ថានភាពស្រវឹងបានបើកមកបុករះប្រជាពលរដ្ឋដែលកំពុងតែចោមមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បណ្តាលឱ្យរងរបួសធ្ងន់-ស្រាលជាច្រើនអ្នកទៀត។
បន្ទាប់ពីបុករះតៃកុងរថយន្តបានបន្ថែមល្បឿនព្យាយាមបើកគេចខ្លួន មកដល់ចំណុចមុខផ្ទះលេខ១៧៧៥ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៍បានបើករថយន្តទៅបុកម៉ូតហុងដាឌ្រីម សេ១២៥ មួយគ្រឿងទៀត បណ្តាលឱ្យរងរបួសធ្ងន់ហើយ អ្នកជិះក្នុងរថយន្តទាំងពីរនាក់ បានបើកទ្វាររថយន្តចុះរត់គេចខ្លួនដោយម្នាក់ រត់ចូលផ្ទះប្រជាពលរដ្ឋ ហើយត្រូវម្ចាស់ផ្ទះចាប់វាយឡើងផុងលលាដ៍ក្បាលរបួសធ្ងន់ព្រោះស្មានតែជាចោរ ចំណែកម្នាក់ទៀតរត់គេចតាមច្រកឌឿងហែម ក៏ត្រូវប្រជាពលរដ្ឋចាប់បានវាយឡើងទ្រមខ្លួនដូចគ្នាផងដែរ។
បុរសជិះរថយន្តហាយឡិនឌ័រ បង្កគ្រោះថ្នាក់បន្តកន្ទុយគ្នាខាងលើមានទី១.ឈ្មោះ អ៊ុក រ៉ាវុធ មានអាយុ២៧ឆ្នាំ ធ្វើប៉េអឹមនៅក្រសួងមហាផ្ទៃ ឋានន្តរសក្តិអនុសេនីយ៍ទោសក្តិ២ ចំណែកទី២.ឈ្មោះ ធុន ពន្លឺ អាយុ៣២ឆ្នាំ ជាប៉េអឹមនៅខេត្តព្រៃវែង។
ក្រោយពេលកើតហេតុបុរសរបួសធ្ងន់ផុងលលាដ៍ក្បាលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ចំណែកបុរសជិះរថយន្តហាយឡិនឌ័រម្នាក់ទៀត ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីត្រៀមបញ្ជូនបន្តទៅកាន់ការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោះស្រាយតាមនិតិវិធីច្បាប់៕
អត្ថបទដោយ៖ បិសាចរាត្រី
ផ្តល់សិទ្ធដោយ ៖Khmer79
No comments:
Post a Comment