Side Ad

ដើម​កំណើត និង​ប្រវត្តិ​នៃ​ការ​ដាក់​ឈ្មោះ ល្ខោន​បាសាក់

ល្ខោន​បាសាក់​ មាន​ដើម​កំណើត​នៅ​ស្រុក​បាសាក់​ ខេត្ត​ឃ្លាំង​ ទល់​មុខ​ព្រះ​ត្រពាំង ​កម្ពុជា​ក្រោម។ បាសាក់​ ជា​ឈ្មោះ​ទន្លេ​មួយ​ដែល​ជា ខ្នែង​មួយ​នៃ​ទន្លេ​មេគង្គ​ទាំង​បួន​​ដែល​ប្រសព្វ​គ្នា​នៅ​ភ្នំ​ពេញ «ចតុម្មុខ»។ ទន្លេ​នេះ​បាន​ហូរ​កាត់​ទៅ​ទិស​ខាង​ត្បូង​ចាក់​ទៅ​ក្នុង​ឈូង​សមុទ្រ​ចិន ហើយ​នៅ​លើ​ដង​ទន្លេ​នេះ​ហើយ​ដែល​ជា​ទី​តាំង​នៃ​ស្រុក​បាសាក់ ខេត្ត​ឃ្លាំង​ទល់​មុខ​នឹង​ខេត្ត​ព្រះ​ត្រពាំង ដែល​ល្ខោន​បាសាក់​បាន​ចាប់​កំណើត​ឡើង។ តំបន់​នេះ​ក៏​ដូច​ជា​តំបន់​ដទៃ​ទៀត ​មាន​ប្រជា​ជន​ខ្មែរ​រស់​នៅ​ច្រើន​ជា​តំបន់​មាន​អារ្យធម៌ និង​មាន​កេរ​ដំណែល​វប្បធម៌​ខ្មែរ​ពី​បរម​បុរាណ​ច្រើន​ដូចជា​ប្រាសាទ ស្រះ​បុរាណ ​វត្ត​អារាម តន្ត្រី​ច្រើន​វង់ និង​ល្ខោន​ច្រើន​ប្រភេទ ដូចជា​យីកេរ្តិ៍ និង​ល្ខោន​យក្ស​រាំ​ជា​ដើម។
តាម​ព័ត៌មាន​ដែល​ទទួល​បាន ល្ខោន​បាសាក់ ​សព្វ​ថ្ងៃ​នេះ​មាន​ប្រភព​មក​ពី​ល្ខោន​ទ្រើង​ឃ្លោង ហើយ​បាន​រីក​ចម្រើន​ឡើង​ដោយ​ស្នាដៃ​បញ្ញ​វន្ត​មួយ​ក្រុម​ដែល​មាន​ចំណេះ​ជ្រៅ​ជ្រះ​ខាង​អក្សរសិល្ប៍ និង​សាសនា​ក្រោម​ការ​ដឹក​នាំ របស់​អតីត​ចៅ​អធិការ​វត្ត​ខ្សាច់​កណ្ដាល «បាសាក់​ព្រះ​ត្រពាំង» កម្ពុជា​ក្រោម ឈ្មោះ​លោក​គ្រូ​សួរ ដោយ​បាន​ចម្លង​យក​ចំណុច​សំខាន់ៗ​ខ្លះ​ពី​ល្ខោន​ហ៊ីចិន​ផងនោះ បាន​ទទួល​ប្រជា​ប្រិយ​ដ៏​ធំធេង​ក្នុង​តំបន់​កូសាំង​ស៊ីន។
នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩២០ មាន​បង​ប្អូន​ពីរ​នាក់ បង​ឈ្មោះ លី កាញ់ និង ប្អូន​ឈ្មោះ លី សួន និង​មាន​ដើម​កំណើត​កើត​ជា​នៅ​ស្រុក​បាសាក់ ដែន​ដី​កម្ពុជា​ក្រោម បាន​ខិត​ខំ​ប្រឹង​ប្រែង​ថែ​រក្សា​វប្បធម៌​ និង​ពង្រីក​ សិល្បៈ​ល្ខោន​ទ្រើង​ឃ្លោង ឬយូរកេរ្តិ៍ ដែល​មាន​កំណើត​នៅ​លើ​ទឹក​ដី​របស់ខ្លួន ទទួល​បាន​ភាព​ល្បី​ល្បាញ​ដំបូង​គេ​បង្អស់​ដែល​ទស្សនិក​ជន​និយម​ហៅ​ឈ្មោះ គាត់​ថា ថៅកែ «ឆា​គ្រួន» ។
ក្នុង​ឆ្នាំ​១៩៣០ ក្នុង​ពេល​ដែល​ទម្រង់​នេះ​រីក​ចម្រើន​នៅ​កម្ពុជា​ក្រោម «វៀតណាម ខាង​ត្បូង» ថៅ​កែ​ក្រុម​ល្ខោន​ឈ្មោះ​លោក ឆា​គ្រួន បាន​នាំ​ក្រុម​សិល្បៈ​ល្ខោន របស់​ខ្លួន​មក​សម្ដែង​ធ្វើ​អាជីវកម្ម​នៅ​ភ្នំពេញ និង​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា។ ដំណើរ​បេសកកម្ម​ទី១ របស់​ក្រុម​ល្ខោន​លោក ឆា​គ្រួន​ដែល​បាន​មក​សម្ដែង​នៅ ប្រទេស​កម្ពុជា មិន​សូវ​ទទួល​បាន​ជោគ​ជ័យ​ទេ មូល​ហេតុ​មក​ពី​ទម្រង់​ល្ខោន​នេះ​ត្រូវ​ប្រឡង​ប្រជែង​ជា​មួយ​ទម្រង់​ដទៃ​ទៀត ដែល​មាន​យ៉ាង​សំបូរ​បែប​នៅ​កម្ពុជា​ភាគ​កណ្ដាល ដូចជា​ល្ខោន​ប្រាមោជទ័យ «១៩២០-១៩៤០» និង​ល្ខោន​មហោរី​ដែល​កើត​មាន​ជា​យូរ​លង់​មក​ហើយ។ ពិត​មែន​តែ​លើក​ទី១​នេះ ល្ខោន​បាសាក់​បាន​ទទួល​បរាជ័យ ប៉ុន្តែ​ពេល​នោះ​សិល្ប​ករ​ល្ខោន​បាសាក់​បាន​ហាត់​រៀន និង​ស្រូប​យក​នូវ​ចំណេះ​ថ្មីៗ មួយ​ចំនួន​ពី​ទម្រង់​ល្ខោន​នៅ​ភ្នំពេញ ដូច​ជា​ ភ្លេង​មហោរី ឬ​ចម្រៀង​មហោរី​ជា​ដើម មុន​ពេល​ត្រឡប់​ទៅ​ស្រុក​វិញ។
ក្រោយ​ពី​ពេល​ហាត់​វៀន និង​បាន​សម្ដែង​ច្រើន​លើក​ច្រើន​សារ​ដោយ​បញ្ចូល​បច្ចេក​ទេស​​ថ្មីៗ​មួយ​ចំនួន​ផង ក្រុម​សិល្បៈ​លោក ឆា​គ្រួន បាន​មក​សម្ដែង​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ឯ​ទៀត ជា​លើក​ទី២ ហើយ​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ធំធេង ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​ល្ខោន បា្រមោជ្ជទ័យ និង​ល្ខោន​មហោរី​នៅ​ភ្នំពេញ និង​តំបន់​ដទៃ​ទៀត​នៅ​ប្រទេស​កម្ពុជា ពិសេស​គឺ​ខេត្ត​តាម​មាត់​ទន្លេ។ ល្ខោន​លោក​ ឆា​គ្រួន ​នេះ​ស្រូប​យក​ទស្សនិកជន​យ៉ាង​ច្រើន​គគ្រឹក​គគ្រេង ហើយ​បាន​ធ្វើ​ឲ្យ​ល្ខោន​ប្រា​មោជទ័យ និង​ល្ខោន​មហោរី​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បាត់​បង់​ប្រជា​ប្រិយភាព ហើយ​ចំនួន​ទស្សនិកជន​ចេះ​តែ​ថយ​ចុះ​ជា​លំដាប់។ ដោយ​សារ​មធ្យោបាយ​សម្ដែង​ថ្មី​រហ័ស​រហួន ស្វាហាប់​ ការ​តុបតែង​លំអ​ឆាក​សំលៀក​បំពាក់​ការ​លាប​មុខ ឬ​គូរ​មុខ​ដ៏​ល្អ (កន្លែង​ខ្លះ​ទទួល​ឥទ្ធិពល​ពី​ហ៊ី​ចិន) ទាំង​ល្បិច​ហោះ​ហើរ​ក៏​ប៉ិន​ប្រសប់ ពិសេស​សំនៀង​រដឺន ទាំង​សម្ដី​និយាយ ទាំង​ចម្រៀង​របស់​ខ្មែរ បាសាក់​ស្រទន់​ពីរោះ ហើយ​ពាក្យ​សម្ដី ប្រកប​ដោយ​អត្ថន័យ ខ្លឹម​សារ​ល្អ ព្រោះ​អ្នក​សម្ដែង​ភាគ​ច្រើន​ច្រើន​ជា​អ្នក​មាន​ចំណេះ​ជ្រៅ​ជ្រះ​ខាង​អក្សរ​សិល្ប៍ និង​សាសនា​ផង ធ្វើ​ឲ្យ​ទស្សនិក​ជន​នៅ​កម្ពុជា​កណ្ដាល​នេះ​ជក់​ចិត្ត​ដិត​អារម្មណ៍​យ៉ាង​ខ្លាំង រហូត​ដល់​គេ​នាំ​គ្នា​ហៅ ឬ​ឲ្យ​ឈ្មោះ​ទម្រង់​ល្ខោន​នេះ​ថា ជា «ល្ខោន​បាសាក់» ដោយ​យក​ទី​កន្លែង​នៃ​ទម្រង់​សិល្បៈ​នេះ​រីក​ចម្រើន មក​ដាក់​ឈ្មោះ​ឲ្យ​ទម្រង់​ល្ខោន​នេះ​តែ​ម្ដង។ គឺ​ចាប់​ពី​ពេល​នោះ​មក​ហើយ ដែល​ល្ខោន​ទ្រើង​ឃ្លោក ឬ​យូរ​កេរ្តិ៍​ប្រែ​ឈ្មោះ​ជា ល្ខោន​បាសាក់​ដែល​យើង​ស្គាល់ និង​បាន​ឃើញ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ៕ ប្រភព​ពី​សៀវភៅ «ទស្សនីយភាព​ខ្មែរ» ដោយ៖ ឡាយ សុខ​អូន ដែល​គេហ​ទំព័រ camnews ដក​ស្រង់​មក។
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.