Side Ad

ប្រវត្តិ​ទាក់​ទង​នឹង​ការ​ដុត​ទៀន នៅ​ពេល​មាន​មនុស្ស​ស្លាប់


ពេល​មាន​មនុស្ស​ស្លាប់​ដុត​ទៀន​បំភ្លឺ បាន​ក្លាយ​ជា​ប្រពៃណី​មួយ​របស់​ខ្មែរយើង ប៉ុន្តែ​ប្រវត្តិ​ដែល​នាំ​ឲ្យ​កើត​មាន​ប្រពៃណី​នេះ​យ៉ាង​ណា​នោះ​ ប្រហែល​ជា​មាន​មនុស្ស​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ដឹង។ ទក់​ទង​នឹង​ប្រពៃណី​ជា​ច្រើន​របស់​ប្រជា​ជន បាន​ផ្សារ​ភ្ជាប់​នឹង​រឿង​ព្រេង​ ដែល​កើត​ឡើង​តាំង​ពី​បុរាណ​មក ដូច​ជា​ការ​ដុត​ទៀន​នៅ​ពេល​មាន​មនុស្ស​ស្លាប់​ជាដើម។
រឿង​ព្រេង​នេះ មាន​ដំណាល​ដូច​តទៅ៖ អតីត​កាល​មាន​បុរស​ម្នាក់​ជា​មនស្ស​ត្រឹម​ត្រូវ​ណាស់ បើ​ទៅ​កាន់​ទី​ជំនុំ​ចំណោម​ឯណា គេ​តែង​រាប់​រក​ទុក្ខ​ជា​មនុស្ស​មាន​ប្រាជ្ញា​ជា​អ្នក​ដឹង​ខុស​ត្រូវ។ អ្នក​នៅ​ភូមិ​ផង​របង​ជា​មួយ បើ​មាន​ការ​អ្វីធំ​ដុំគេ​តែង​អញ្ជើញ​បុរស​នោះ​មក​ជា​ប្រធាន ដើម្បី​សួរ​ជា​យោបល់​ឲ្យជួយ​អារ​កាត់​រឿង​ដែល​ជាប់​ជុំ​ពាក់​ស្មុគ​ស្មាញ។ ថ្ងៃមួយ​ក្នុង​រដូវ​ប្រាំង មាណព​បបួល​បុរស​ពីនាក់​ទៀត​ដែល​នៅផ្ទះ​ក្បែរ​គ្នា ទៅ​រក​ឃ្មុំយក​ក្រមួន និង​ទឹក​មក​លក់ ដើម្បី​បំពេញ​សេចក្តី​ខ្វះ​ខាត​ក្នុង​គ្រួសារ។ បុរស​ទាំង​ពីរ​នាក់​នោះ​សុខ​ចិត្ត​ទៅ​ជា​មួយ​គា្ន តែ​បណ្តា​អ្នក​ទាំង​ពីរ​នាក់​នោះ អ្នក​ជា​មនុស្ស​ស្តាប់​បង្គាប់ ឯ​អ្នក​មួយ​ទៀត​រឹង​រុស​មិន​សូវ​ចេះ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​ទេ។
លុះដើរ​ដល់​ព្រៃ ឃើញ​ខ្ទម​អ្នក​តាមួយ​ដែល​ពួក​ថ្មីរ​ព្រៃ​តែង​បូជា ដើម្បី​សុំបើក​ព្រៃ​រួច​ទើប​ចូល​ទៅ។ មក​ដល់​ជិត​កន្លែង​អ្នក​តា​នោះ ទើប​អ្នក​ទាំង​៣នាក់​នាំគ្នា​ធ្វើ​ជំរក​ឈប់​សំរាក​បន្តិច​សិន​យក​កម្លាំង នឹង​ដើរ​ទៅ​មុខ​ទៀត។ ក្នុង​ថ្ងៃ​នោះ​គេ​រក​បាន​ឃ្មុំ​មួយ​សំបុក​មាន​ចំនួន​១២​តំលឹង​ហើយ​ត្រលប់​មក​ជំរក​វិញ នាំគ្នា​ដាំបាយ​ដុត​ត្រី​បិរភោគ។ តែ​មុន​បរិភោគ​ចាប់​បាយ​នឹង​ត្រីខ្លះ​ដាក់​លើ​ស្លឹក​ឈើ ថ្វាយ​អ្នក​តាសុំ​សេចក្តី​សុខ​សប្បាយ នឹង​សុំឲ្យ​ទៅ​រក​ឃ្មុំ​បាន​ប្រទះ​ដូចក្តី​ប្រាថ្នា។ ឯបុរស​ម្នាក់​ទៀត​ជា​អ្នក​រឹង​រួស នោះ​ឃើញ​ពីរនាក់​សែន​អ្នក​តាក៏​នឹង​ខ្នាញ់​ក្នុង​ចិត្ត​តែ​មិន​ចេញ​ស្តី។


ព្រឹក​ឡើង​មុន​នឹង​ចេញ​ទៅ​រក​ឃ្មុំ​ទៀត គេនាំ​គ្នា​ដាំបាយ​ស៊ី​ហើយ​ចាប់​បាយ​បេះត្រី​ដាក់​ថ្វាយ​អ្នក​តា​ដូច​ថ្ងៃមុន​ទៀត។ បុរស​រឹងរុស​ទើស​ចិត្ត​ណាស់​ទ្រាំ​អត់ពុំ​បាន​ក៏​និយាយ​គំរោះ​ថា (មិន​ដឹង​ជា​ថ្វាយ​ស្អី ក៏ថ្វាយ​ម្ល៉ះទេ! ម្ហូប​អាហារ​តិច​ផង យក​ទៅ​ដាក់​ចោល​ទៀត តើ​ដាក់​ឲ្យ​ស៊ី! ) ថា​ហើយ​ក៏ងើប​ដើរ​ទៅ​យក​បាយ​រុក​បញ្ចុក​មាត់​អ្នក​តា ហើយ​និយាយ​បែប​ចង់​បញ្ជោះ​ឲ្យអ្នក​ដែល​ដាក់​ថ្វាយ​នោះ​ផង​ថា (ហ៍! ស៊ីទៅ​អ្នក​តា! ពីមុន​ថា​គេមិន​ដាក់​ដល់​មាត់ ឥឡូវ​អញ​ដាក់​ដល់​មាត់​ហើយ​ម្តេច​ក៏មិន​ស៊ី​ទៅ ឃើញ​តែទុក​ចោល​ឲ្យ​ស្រមោច​រោម ម្តងនេះ​តែ​មិន​ស៊ីឲ្យ​អញ​ឃើញ​ផង​ទេ លើក​ក្រោយ​លែង​ឲ្យ​ទៀត​ហើយ)។ អ្នក​ទាំង​ពីរ​ទៀត​ឃើញ​បុរស​នោះ​ធ្វើមិន​គប្បី​ក៏​នៅ​ស្ងៀម រួច​បបួល​គ្នា​ចេញ​ដំណើរ​ទៅ។ ក្នុងថ្ងៃ​នោះ​គ្មាន​រក​បាន​ឃ្មុំមួយ​សំបុក​សោះ ព្រោះ​បុរស​រឹងរួស​នោះ​រវល់​តែចុក​ពោះ​រមួល​ខ្លួន​ដើរ​មិន​រួច​មិន​ស្រាក​ស្រាន្ត​ឡើយ។ លុះ​ដល់​កម្លាំង​កាន់​តែ​តិច​ទៅ បុរស​ឈឺនោះ​និយាយ​នឹង​សំលាញ់​ទាំង​ពីរ​ថាៈ «ចូរ​ឯង​ចែក​ក្រមួន​មួយ​ភាគ​ផង ត្បិតខ្ញុំ​ក៏បាន​ទៅ​រក​ជា​មួយ​ដែរ»។ បុរស​ពីរ​នាក់​ឆ្លើយ​ថា «ឯង​ចង់​បាន​ក្រមួន​យក​មក​ធ្វើ​អ្វី បើឯង​ជិត​ស្លាប់​ទៅហើយ​យ៉ាង​នេះ»។ បុរស​ឈឺនោះ​ឆ្លើយ​វិញ​ថា ខ្ញុំយក​ទៅបាន​ឲ្យ​តែ​ឯង​ចែក​មក​ឆាប់​ឡើង បើឯង​មិន​ឲ្យ​ខ្ញុំ​ទេ តើខ្ញុំ​បាន​អ្វី​បំភ្លឺ​ផ្លូវ​ចេញ​ពីព្រៃ​នេះ​រួច។ លឺ​ដូច្នេះ បុរស​សំលាញ់​ពីរ​នាក់ ក៏នាំ​គ្នា​ថ្លឹង​ក្រមួន​ចែក​ជា​បីភាគ​ស្មើគ្នា ហើយ​យក​ស្លឹក​ឬស្សី​ងាប់​ធ្វើ​ជា​ប្រឆេះ​ហើយ​យក​ក្រមួន​មួយ​ចំណែក​ទំងន់​ប្រហែល​ជា​៤តំលើង​លៃ​ជា​៤ភាគ យក​៣ភាគ លញ់​ធ្វើ​ទៀន​គោល។ ក្រមួន​សល់​មួយ​ភាគ​ទៀត គេយក​ស្លឹក​ត្រែង​ស្ងួត​មក​ធ្វើជា​ប្រឆេះ​លញ់​ទៀន​រាយ ៤ទៀន ហើយ​កាប់​មែក​ឈើ​ដាក់​គង​លើ​មាត់​ត្រឡោក។ លុះ​អុជ​ទៀន​រួច ក៏ឲ្យ​និយាយ​ដាក់​ត្រចៀក​បុរស​ដែល​ឈើ​នោះ​ថា «នែ​សំលាញ់ ចំណែក​ក្រមួន​របស់​ឯង យើង​ធ្វើជា​ទៀន​អុជ​ឲ្យ​ឯង ចូល​ឯង​យក​ទៅ​តាម​ខ្លួន​គ្រាន់​បាន​បំភ្លឺ​ផ្លូវ​ចេញ​ពីព្រៃ​នេះ​ទៅ​ចុះ» បុរស​ឈឺ​ទទួល​ថា អី! ហើយ​ក៏ដាច់​ខ្យល់​ស្លាប់​ទៅ។ បុរស​ជា​មិត្ត​ក៏​នាំ​គ្នា​រក​អូស​ភ្លើង​មក​ដុត​ខ្មោច​នោះ ហើយ​នាំគ្នា​វេចខ្ចប់​ធាតុ​យក​មក​ឲ្យ​ប្រពន្ធ ដោយ​ប្រាប់​តាម​ដំណើរ​តាំង​រឿង​ឈឺ ដល់​រឿង​ចែក​ក្រមួន។
តែមក​ដល់​ត្រង់​នេះ​ប្រពន្ធនៃ​សព​មិន​យល់​ព្រម​ដោយ​អាង​ថាៈ ប្តីខ្លួន​ស្លាប់​ទៅហើយ​តើអាច​យក​ក្រមួន​ទៅ​ផង​មេ្តច​បាន? បុរស​សំលាញ់​ពីរ​នាក់​ពន្យល់​យ៉ាង​ដូច​មេ្តច​នាង​នោះក៏​នៅ​តែមិន​ព្រម ទទូច​យក​តែ​ចំណែក​ក្រមួន​តាំង​ពី​ថ្ងៃ​រហូត​ដល់​យប់ ហើយ​ចូល​ទៅដេក​រៀងៗ​ខ្លួន​ទៅ។ និយាយ​ពី​ប្រពន្ធ​របស់​បុរស​ស្លាប់ លុះ​ដេក​លក់​ទៅ​ក៏យល់​សប្តិ​ឃើញ​ប្តីកាន់​ទៀន​ដើរ​ចូល​មក។ នាង​ក៏ស្រែក​ទាំង​អរ​ផង​ថា «អ្នក​អើយ​គេ​មក​ប្រាប់​ខ្ញុំ​ថា អ្នក​ឯង​ស្លាប់​ទៅ​ហើយ ថែម​បាន​ចែក​ក្រមួន​ទៅអ្នក​ផង​ឥលូវ​មាន​ស្លាប់​ឯណា? អ្នក​មក​វិញ​តើ! ឯខ្មោច​នោះ​ឆ្លើយ​មក​វិញ​ថា «បង​ស្លាប់​មែន ហើយ​បង​បាន​ក្រមួន​ដែល​គេ​ចែក​ឲ្យ​នោះ ធ្វើជា​ទៀន​អុជ​រក​ផ្លូវ​ចេញ​មក​ផ្ទះ កុំអី​មិន​ដឹង​ជា​វង្វេង​ទៅ​ណា​ទេ!»។ ប្រពន្ធឮ យ៉ាង​នេះ​ក៏ស្រវា​អោប​ប្ដីភ្ញាក់​ទាំង​ខ្លួន​ឡើយ ទើបដឹង​ខ្លួន​ថា​ខ្លួន​យល់​សប្ដិ​ហើយ​ក៏ឈប់​ប្រកាន់​ឈ្លោះ​គ្នា ទៀត​ទៅ។
ដោយ​ហេតុមាន​រឿង​ដូច្នេះ​ហើយ ទើប​បុរាណ​ប្រកាន់​ជឿ​ថា បើ​មនុស្ស​ណា​ជិត​ស្លាប់ គេត្រូវ​តែ​ធ្វើ​ទៀន​កាល្ប​អុជ​ដើម្បី​ឲ្យ​ខ្មោច​បាន​ភ្លឺ សំរាប់​បំភ្លឺផ្លូវ​ទៅ​រក​ឋាន​សុខ។ ប្រភព​ពី​លំអាន​ទំនៀម​ខ្មែរ​បូរាណ រៀប​រៀង​ដោយ លោក ញាណ ភឿន និង​លោក ម៉ម ឆៃ។
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.