ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីក្មេងប្រុសរូបនេះ បានលួចគាស់តូបយកបានកុំព្យុទ័រមួយគ្រឿង នៅម៉ោងប្រមាណ៣ ទៀបភ្លឺ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅផ្លូវហ្គោល ម្តុំផ្សារសុរិយា ក្នុងខណ្ឌចំការមន។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសត្រូវបានឃាត់ខ្លួនរួមជាមួយបុរសម្នាក់ ដែលជាអ្នកបានទិញកុំព្យុទ័រ។ ក្មេងប្រុសដែលមានមុខរបរជាអ្នករើសអើតចាយ ឈ្មោះ ផុច តូច ហៅ អ៊ូខុង អាយុ១៥ឆ្នាំ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា បានតាមរយៈសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងទៀតថា នៅម៉ោងប្រមាណ៣ទៀបភ្លឺ អ៊ូខុង នេះបានលួចគាស់តូបរបស់ ជនរងគ្រោះឈ្មោះ កែវ វិសាល នៅម្តុំផ្សារសុវណ្ណា រួចយកបានកុំព្យុទ័រមួយគ្រឿង ភ្លាមនោះបានយកមកលក់ឲ្យឈ្មោះ ស្វាយ ភារម្យ អាយុ២៦ឆ្នាំ នៅម្តុំភូមិផ្អេរ ក្នុងសង្កាត់ទំនប់ទឹក បានតម្លៃ៥០ដុល្លារ។
មន្ត្រីជំនាញបានឲ្យដឹងទៀតថា លុះព្រឹកឡើងជនរងគ្រោះ កែវ វិសាល បានមកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍ទំនប់ទឹក ក្រោយមកលោកមេប៉ុស្តិ៍ ផន អូន បានធ្វើការសួរនាំ ប្រជាពលរដ្ឋទើបដឹងថា ព្រឹកមិញមានក្មេងម្នាក់កាន់កុំព្យុទ័រ រួចយកទៅលក់ឲ្យឈ្មោះ ភារម្យ នៅម្តុំភូមិផ្អេរ រួចក៏ឈានដល់ការឃាត់ខ្លួន ក្មេងប្រុសអ៊ូខុង រួមនិងអ្នកទិញម្នាក់ទៀត មកសួរនាំនៅប៉ុស្តិ៍នគរបាល។
សាក្សីបានឲ្យផងដែរថាលោក ស្វាយ ភារម្យ អាចនិងត្រូវដោះលែង ព្រោះមិនបានពាក់ព័ន្ធនិងករណីនេះទេ ដោយមានប្រជាពលរដ្ឋនាំគ្នាជាសាក្សីឲ្យ រឿងទិញកុំព្យុទ័រ ដោយមិនដឹងជារបស់ចោរលួចនោះទេ៕
អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង
ផ្តល់សិទ្ធដោយ ៖Khmer79
No comments:
Post a Comment