Side Ad

តើ​ពិធី​កាត់​សក់​បង្កក់​ឆ្មប​ ជា​ពិធី​អ្វី និង​ធ្វើ​ដើម្បី​អ្វី?

ពិធី​កាត់​សក់​បង្កក់​ឆ្មប គឺ​ជា​ពិធី​មួយ​ដែល​ចាស់ទុំ​ខ្មែរ​ក្នុង​សម័យ​មុន ​លោក​បាន​ឲ្យ​អត្ថន័យ​ជា​សំខាន់​ទៅ​លើ​ការ​ប្រសិទ្ធិ​នាម ឬ​ដាក់​ឈ្មោះ​ឲ្យ​ដល់​កូន​ខ្ចី ឬ​ទារក​ដែល​ទើប​តែ​កើត​នោះ ពី​ព្រោះ​គេ​មាន​ជំនឿ​ថា ឈ្មោះ​គឺ​ជា​តំណាង​ឲ្យ​គោត្រ​ត្រកូល ឬ​វង្សត្រកូល ហើយ​និង​ក៏​ជា​ការ​កំណត់​ដល់​ជោគ​វាសនា អនាគត​របស់​កូន​តូច​នោះ។ ប្រសិនបើ​គេ​ដាក់​ឈ្មោះ ឬ​ផ្ដល់​នាម​ឲ្យ​មិន​ត្រឹមត្រូវ​តាម​ក្បួន​តម្រា គឺ​នាំ​ឲ្យ​កូន​តូច​នោះ​ដល់​ពេល​ធំ​ឡើង​អាច​នឹង​មាន​បញ្ហា​ផ្សេងៗ។ ប៉ុន្តែ​បើ​គេ​ដាក់​ឈ្មោះ​តាម​ក្បួន​តម្រា​ល្អ​ត្រឹម​ត្រូវ ពេល​នោះ​គេ​រំពឹង​ថា ដល់​ថ្ងៃ​ក្រោយ​កូន​តូច​នោះ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​មាន​វាសនា​ល្អ។
ម្យ៉ាង​វិញ​ទៀត ពិធី​នេះ​គេ​ក៏​ចាត់​ទុក​ថា​មាន​សារ​សំខាន់​ណាស់ ពីព្រោះ​ជា​ថ្ងៃ​ផ្ដល់​មង្គល​ដ៏​ល្អ​ប្រសើរ ឬ​ជា​មង្គល​ទី​១ សម្រាប់​ការ​រស់​រាន​មាន​ជីវិត​ជា​លើក​ដំបូង​របស់​ទារក និង​ជា​ការ​សំដែង​ការ​ដឹង​គុណ​មាតា​បិតា ហើយ​និង​ឆ្មប​ដែល​បាន​ជួយ​សម្រាល និង​ផ្ដល់​កំណើត​កូន។
នៅ​ក្នុង​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ពី​បុរាណ តែ​កាល​ណា​ទារក​កើត​មក​បាន​រវាង ៧​ថ្ងៃ ឬ​កន្លះ​ខែ ឬ​ក៏​មួយ​ខែ​គេ​តែង​តែ​រៀបចំ​ធ្វើ​ពិធី​មួយ​ហៅ​ថា «កាត់សក់ បង្កក់​ឆ្មប» ដើម្បី​ជួយ​ប្រោះព្រំ​ផ្ដល់​ពរជ័យ​សិរី​សួស្ដី​ដល់​ទារក​ដែល​បាន​មក​កើត​មាន​ជីវិត​ថ្មី​នៅ​ក្នុង​ត្រកូល​គ្រួសារ​ម្នាក់ៗ។ ពេល​ដែល​គេ​ប្រសិទ្ធិ​នាម​ផ្ដល់​ពរជ័យ​ដល់​ទារក ពេល​នោះ​គឺ​គេ​រៀបចំ​ពិធី​កាត់​សក់​ទារក​ជា​មុន​សិន ពី​ព្រោះ​គេ​យល់​ថា សក់​ដែល​ទើប​នឹង​កើត​នោះ​ គឺ​ជា​សក់​ព្រៃ​មិន​ល្អ។
អ្នកស្រី កែវ ណារុំ បណ្ឌិត​ទស្សន​វិជ្ជា វិទ្យា​សាស្ត្រ​សិល្បៈ បាន​មាន​ប្រសាសន៍​ថា ជំនឿ​កាត់​សក់​ព្រៃ​របស់​ទារក​នេះ គឺ​ដូនតា​លោក​ប្រៀប​ប្រដូច​ថា ជា​មនុស្ស​ព្រៃ​មិន​សូវ​ដឹង​ខុស​ត្រូវ ដូច្នេះ​គប្បី​កាត់​កោរ​ចេញ​ទើប​អាច​ជា​មនុស្ស​ជានា និង​មាន​មង្គល​សិរីសួស្ដី៖ «កាត់សក់​ហ្នឹង​គឺ​គេ​កាត់​នៅ​កន្លែង​កំប៉ោយ​បន្តិច​ហ្នឹង ហើយ​គេ​ដាក់​កន្ទោង ដាក់​បង្អែម​ចម្អាប​ទៅ ហើយ​យក​ទៅ​ដាក់​មុខ​ផ្ទះ ដើម្បី​ប្រកាស​ជម្រាប​ជូន​ម្ចាស់​ទឹក ម្ចាស់​ដី​ហ្នឹង​ឲ្យ​ដឹង​ពី​បញ្ហា​ដែល​ថា មាន​មនុស្ស​ថ្មី​ទៀត​មក​នៅ​ហើយ ហើយ​បាន​កាត់សក់​ចេញ​ហ្នឹង​គឺ​ជា​សក់​ព្រៃ»។
ចំពោះ​ពាក្យ​ថា បង្កក់ឆ្មប គឺ​ចាស់ទុំ​ខ្មែរ​លោក​ដៅ​ជា​សំខាន់​ទៅ​លើ​ការ​គោរព​ដឹង​គុណ​ឆ្មប​ដែល​បាន​ជួយ​សង្គ្រោះ​ដល់​ម្ដាយ និង​ទារក​ឲ្យ​បាន​សម្រាល ឬ​ឲ្យ​បាន​ឆ្លង​ទន្លេ​រួច​រស់​រាន​មាន​ជីវិត។ ការ​គោរព​ដឹង​គុណ​ឆ្មប​នា​សម័យ​នោះ ក្រៅ​ពី​គេ​នាំ​គ្នា​សំដែង​ទឹក​ចិត្ត​គោរព​ដឹង​គុណ​គឺ មាតាបិតា ឬ​ក្រុម​គ្រួសារ​របស់​ទារក​បាន​រៀបចំ​គ្រឿង​រណ្ដាប់​ផ្សេងៗ​ដើម្បី​ជូន​ឆ្មប​ដូចជា ស្រូវ អង្ករ ម្ហូប​អាហារ សំពត់ ឬ​ខោអាវ និង​ប្រាក់កាស​ជាដើម។
អ្នកស្រី​បណ្ឌិត កែវ ណារុំ បាន​មាន​ប្រសាសន៍​បន្ត​ថា ដូនតា​ខ្មែរ​នា​សម័យ​បុរាណ​លោក​បាន​ធ្វើ​ពិធី​កម្ម​គោរព​ដឹង​គុណ​ចំពោះ​ឆ្មប ឬ​ហៅ​ថា កាត់​សក់​បង្កក់​ឆ្មប នោះ​គឺ ដើម្បី​ផ្សារ​ភ្ជាប់​នូវ​ភាព​ជិត​ស្និទ្ធ ឬ​ជួយ​បណ្ដុះ​គំនិត​អប់រំ​ដល់​ឪពុក​ម្ដាយ​ទារក ឲ្យ​មាន​កតញ្ញុតាធម៌​ចំពោះ​អ្នក​ដែល​បាន​ធ្វើ​អំពើ​ល្អ និង​សង្គ្រោះ​អាយុ​ជីវិត​ខ្លួន។ ប្រភព​ពី RFA
តើ​នៅ​ស្រុក​កំណើត​របស់​ប្រិយមិត្ត​ នៅ​រក្សា​ប្រពៃណី​នេះ​ដែរ​ឬទេ? និង​រៀប​ចំ​ពិធី​កាត់​សក់​បង្កក់​ឆ្មប ដោយ​របៀប​ណា? សូម​ជួយ​ចែក​រំឡែក​ចំណេះ​ដឹង​ពី​ពិធី​នេះផង ! សូម​អរគុណ !
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.