Side Ad

ដើម​កំណើត និង​ជំនឿ​លើ​អ្នក​តាព្រៃ

អ្នកតា​ព្រៃ​ពុំ​មែន​កើត​ឡើង​ដោយ​ឯងៗ​ឬ​ក៏​មាន​ស្រាប់​ដូច ផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យ​នោះ​ឡើយ គឺ​កើត​ឡើង ឬ​ឧប្បតិក​ឡើង​តាម​ការ​សន្មត​របស់​មនុស្ស​មិន​ខុស​គ្នា​ពី​ព្រះអាទិទេព​ឡើយ។ មនុស្ស​បង្កើត​អាទិទេព ឬ​អ្នកតា​ ហើយ​មនុស្ស​នាំ​គ្នា​ជឿ គោរព​អាទិទេព អ្នកតា​នោះ​វិញ។
ចាស់ៗ​តែង​បាន​ដំណាល​ប្រាប់​ថា នៅ​ក្នុង​ព្រៃ​ហ័ត​ព្រៃ​ហោង ដែល​មាន​ដើម​ឈើ​ក្រាស់​ជិត​ស្ទើរ​មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​នោះ តែង​តែ​មាន​ទេព្រ័ក្ស ទេព្តា អ្នក​តា​នៅ​ចាំ​ថែ​រក្សា​ព្រៃ​នោះ។ ប៉ុន្តែ​អ្នក​ស្រុក​នៅ​តំបន់​ជិត​ខាង​នោះ​ពុំ​ដឹង​ច្បាស់​អំពី​ទីកន្លែង​ដែល​ពពួក អមនុស្ស​ទាំង​នោះ​តាំង​នៅ​ឡើយ។ គេ​ច្រើន​នាំគ្នា​សន្មត​ថា ទេព្រ័ក្ស អ្នក​តា​ទាំង​នោះ​ស្នាក់​អាស្រ័យ​នៅ​លើ​ដើម​ឈើ​ធំ​ខ្ពស់​ជាង​គេ នៅ​លើ​ថ្ម​ធំ នា​កំពូល​ភ្នំ ឬ​នៅ​ត្រពាំង​ធំនៅ​ក្នុង​ព្រៃ​នោះ។ ការ​សន្មត​នេះ ពុំ​មាន​កិច្ច​ធានា​ជាក់​លាក់ ធ្វើ​ឲ្យ​អ្នក​ស្រុក​កត់​សម្គាល់​ច្បាស់​លាស់​ថា កន្លែង​នោះ ពិត​ជា​លំនៅ​ស្ថាន​របស់​អ្នកតា​នោះ​ឡើយ។ គេ​នៅ​តែ​មាន​ការ​សង្ស័យ​ជាប់​ជានិច្ច។ គឺ​ក្នុង​ស្មារតី​ចង់​ដឹង​ច្បាស់​លាស់​ ចង់​ឃើញ​ទីតាំង​ពិត​ប្រាកដ​របស់​ទេព្រ័ក្ស អ្នកតា​នេះ​ហើយ បាន​ជា​មាន​ដុះ​គំនិត​ឧបកិច្ច​ឲ្យ​កើត​មាន​ទី​លំនៅ​របស់​អ្នកតា​ព្រៃ​ដូច​របៀប​តទៅ​នេះ៖
ថ្មើរ​ព្រៃ​មួយ​ក្រុម​បាន​ឈប់​សម្រាក​រក​កន្លែង​ហូប​បាយ​កញ្ចប់​ក្រោម​ដើម​ឈើ​ធំ​មួយ នៅ​ក្បែរ​ផ្លូវ ដែល​ជា​ធម្មតា តែង​ផ្តល់​នូវ​ម្លប់​ដ៏ត្រជាក់ ហើយ​ជា​កន្លែង​ស្ថិត​នៅ​ជិត​ប្រភព​ទឹក​ផង។ ពេល​អង្គុយ​ដំកង់​ជា​វង់ ក៏បាន​ប្រទះ​ឃើញ​អាចម៍​ឆ្កែ​មួយ​ដុំ នៅ​ក្បែរ​នោះ។ ដើម្បី​បិទ​បាំង​កុំឲ្យ​ឃើញ​ទិដ្ឋភាព​គួរ​ឲ្យ​ខ្ពើម​ឆ្អើម​នៅ​ពេល​បរិភោគ​បាយ​កញ្ចប់ គេ​ក៏កាច់​ស្លឹក​ឈើ ៤-៥ មែក​គ្រប​អាចម៏​ឆ្កែនោះ ដរាប​ទាល់​តែ​ជិត​បាត់​ទាំង​រូបរាង បាត់​ទាំង​ក្លិន។ គេ​នាំ​គ្នា​បរិភោគ​ដោយ​ក្សេមក្សាន្ត ដេក​សម្រាក​យក​កម្លាំង​បន្តិច រួច​ក៏បន្ត​ដំណើរ​ទៅមុខ​ទៀត។ ថ្ងៃ​ក្រោយ​មក​មាន​ថ្មើរ​ព្រៃ​ក្រុម​ផ្សេងៗ​ទៀត បាន​មក​ដល់​ទី​នោះ ឃើញ​គំនរ​ស្លឹក​ឈើ ក៏​គិត​ស្មាន​ថា ទីនោះ​ជា​ទី​ស្នាក់​អាស្រ័យ​នៅ​របស់​អ្នកតា ដោយ​ឃើញ​គេ​កាច់​ស្លឹក​ឈើ​ថ្វាយ ក៏​នាំ​គ្នា​ធ្វើ​តាម។ លុះ​យូរៗ​ទៅ នៅត្រង់​កន្លែង​នៅ​មាន​គំនរ​ស្លឹក​ឈើ​យ៉ាង​ខ្ពស់​ដែល​ធ្វើ​ឲ្យ​អ្នក​ផង​យល់​ដូចៗ​គ្នា​ថា ជា​លំនៅ​របស់​អ្នកតា​ព្រៃ។

តំណ​ក្រោយៗ​មក​ទៀត ប្រហែល​ជា​មាន​អ្នក​ណា​ទៅ​បែបន់​នៅ​កន្លែង​នោះ​ដើម្បី​សុំ​អ្វី ហើយ​អ្វី​ដែល​គេ​សុំ​នោះ បាន​សម្រេច​តាម​បំណង គេ​ក៏​នាំ​គ្នា​សង់​ខ្ទម​ត្រង់​គំនរ​ស្លឹក​ឈើ​នោះ​ទុក​ជា​ទី​ស្នាក់​នៅ​ដ៏​សម​រម្យ​របស់​អ្នកតា ហើយ​ដើម្បី​ឲ្យ​មាន​ជា​រូប​តំណាង​អ្នកតា គេ​ក៏​យក​ដុំ​ថ្ម​មួយ​ដុំ​មក​ដាក់​នៅ​លើ​ខ្ទម​នោះ​ទុកជា​និមិត្តរូប។ ចំណេរ​ត​មក​ក្រោយ​ទៀត អាច​មាន​រូប​ចម្លាក់​ធ្វើ​ពី​ឈើ​ខ្លឹម​តំណាង​ឲ្យ​អ្នក​តា ត្រូវ​បាន​ដាក់​ដុំ​ថ្ម​ឥត​រាង​រៅ​នោះ​វិញ។ មាន​ខ្ទម មាន​ម្ចាស់​ខ្ទម មាន​ការ​គោរព​បូជា មាន​បរិស័ទ​អ្នក​ជឿ អ្នក​គាំទ្រ ទី​ស្ថានមួយ ដែល​កាល​ពីមុន​គ្មាន​អ្វី​ទាល់​តែ​សោះ​នោះ ក៏​ក្លាយ​ទៅ​ជា​អាសនៈ​របស់​អ្នក​តា។ ចាប់ពី​ពេល​នោះ​មក​ផ្សែង​ធូប​ហុយ​ស្ទើរ​មិន​ដាច់​រយៈ តង្វាយ​ផ្សេងៗ​ដូចតទៅ៖ ចេក​ទុំ ពង​មាន់ បំពង់​ទឹក បាយ​ពំនូក ផ្លែ​ឈើ ស្លា បារី ផ្កា មាន​ជា​ប្រចាំ​នៅ​ទី​នោះ។ អ្នក​ជឿ អ្នក​គោរព គេ​បន់​ស្រន់​សុំឲ្យ​ដេញ​សត្វ​បាន សូម​កាប់​ឈើ​បាន​សុខ​សាន្ត​ឥត​គ្រោះ​ថ្នាក់ អ្នក​ស្រុក​បន់​សុំ​សុខ​សប្បាយ សុំ​ឲ្យ​ជា​ពី​ជម្ងឺ​រោគា​ផ្សេងៗ។ល។ នេះ​ហើយ​ជា​ប្រវត្តិ​របស់​អ្នក​តា​ព្រៃ តែ​សូម​ជម្រាប​បញ្ជាក់​ផង​ដែរ​ថា អ្នកតា​ព្រៃ មិន​មែន​សុទ្ធ​តែ​មាន​ប្រវត្តិ​ដូច​ពោល​ខាង​លើ​ទាំង​អស់​នោះ​ទេ មាន​អ្នកតា​ខ្លះ​ទៀត​អាច​មាន​ប្រវត្តិ​ផ្សេង​ពី​នេះ​ដែរ។ គឺ​យ៉ាង​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ស្រុក​ខ្លះ​និយាយ​ថា៖ «អ្នក​តា​កើត​មកពី​អាចម៍​ឆ្កែ!»។ (ដកស្រង់​ចេញពី​សៀវភៅ ប្រពៃណី និង​ទំនៀម​ទម្លាប់ខ្មែរ របស់​លោកតា មៀច ប៉ុណ្ណ) ប្រភព​ពី​ប្លុក isetha
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.