Side Ad

តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អាច​ជួយ​មនុស្ស​ចង់​សម្លាប់​ខ្លួន​ឯង?

នៅ​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ មាន​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​អត្តឃាត ឬ​សម្លាប់​អាយុ​ជីវិត​របស់​ខ្លួន​ឯង ដូចជា​លោត​ទឹក​សម្លាប់​ខ្លួន ឬ​ក៏​ចង​ក​សម្លាប់​ខ្លួន​ជា​ដើម។ បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​កត្តា​ច្រើន​យ៉ាង​ដែល​ជំរុញ​ឲ្យ​មនុស្ស​ធ្វើ​អត្តឃាត​ខ្លួន​ឯង ដូចជា​បញ្ហា​ផ្ទាល់​ខ្លួន​របស់​គេ បញ្ហា​សង្គម​គ្រួសារ ឬ​បញ្ហា​សង្គម​ជាតិ​ដែល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចូល​រួម​ជួយ​ដោះស្រាយ​ជាដើម។ តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​សង្គម​មនុស្ស​អាច​ជួយ​ដល់​មនុស្ស​ផង​គ្នា​កុំ​ឲ្យ​សម្លាប់​ខ្លួន​ឯង​បាន?
មនុស្ស​សត្វ​គ្រប់​រូប​ដែល​កើត​មក​ហើយ គឺ​តែង​តែ​ស្រឡាញ់​អាយុ​ជីវិត​របស់​ខ្លួន មិន​ថា​អ្នក​នោះ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ មាន​យស​ស័ក្ដិ ឬ​មាន​ឋានៈ​តូចតាច ក្រីក្រ​លំបាក​តោក​យ៉ាក​នោះ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​មាន​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​បាប​ឲ្យ​ទុក្ខ​ទោស​ដល់​ខ្លួន​ឯង រហូត​ដល់​សម្លាប់​ជីវិត​ខ្លួន​ឯង​ទៅ​វិញ។ នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​គេ​ឃើញ​មាន​បញ្ហា​នេះ​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ដោយ​អ្នក​ខ្លះ​លោត​ទឹក​សម្លាប់​ខ្លួន អ្នក​ខ្លះ​ចង​ក និង​ខ្លះ​ទៀត​លេប​ថ្នាំ​សម្លាប់​ជាដើម។
អ្នក​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​ជំងឺ​ផ្លូវ​ចិត្ត បាន​បញ្ជាក់​ថា ទាក់​ទង​នឹង​បញ្ហា​មនុស្ស​ដែល​អាច​សម្លាប់​ខ្លួន​ឯង​បាន​នោះ គឺ​ដោយសារ​តែ​ជន​នោះ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ខ្លាំង​ពេក។ ម្យ៉ាង​ទៀត​នៅ​ពេល​ដែល​បុគ្គល​រូប​នោះ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ខ្លាំង ហើយ​បរិយាកាស​ជុំវិញ​ខ្លួន​គេ​ក៏​មិន​បាន​ផ្ដល់​ក្តី​សង្ឃឹម ឬ​ក៏​ក្រុម​គ្រួសារ​មិន​សូវ​ចាប់​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ជួយ​លួង​លោម​លើក​ទឹក​ចិត្ត ឬ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ជាដើម។
អុ្នក​ជំនាញ​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា មនុស្ស​ដែល​សម្លាប់​ខ្លួន​ឯង គឺ​បណ្ដាល​មក​ពី​ខ្វះ​ការ​អប់រំ​ចិត្ត ឬ​មិន​បាន​រៀន​ពី​វិធី​គ្រប់គ្រង​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ផ្លូវ​ធម៌ ពីព្រោះ​ចិត្ត​របស់​មនុស្ស​គ្រប់​រូប គឺ​រមែង​តែង​តែ​ប្រឡាក់​ប្រឡូស​ទៅ​ដោយ​ក្តី​សៅហ្មង រួម​មាន លោភៈ (ការ​លោភលន់) ទោសៈ កំហឹង ការ​ស្អប់​ខ្ពើម និង​ក្តី​មោហៈ ឬ​វង្វេង​មិន​ដឹង​ខុស​ត្រូវ។
អ្នក​ជំនាញ​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ចំពោះ​បញ្ហា​អ្នក​ដែល​សម្លាប់​ខ្លួន​ឯង ឬ​ធ្វើ​អត្តឃាត​ខ្លួន​ឯង គឺ​សង្គម​គ្រួសារ ឬ​អ្នក​ជិត​ស្និទ្ធ​អាច​មាន​វិធី​ជួយ​មនុស្ស​នោះ​បាន​នៅ​មុន​ពេល​ដែល​បុគ្គល​នោះ​ឈាន​ទៅ​រក​ការ​សម្លាប់​ខ្លួន ដូចជា​ ជួយ​និយាយ​លើក​ទឹក​ចិត្ត ជួយ​ផ្ដល់​ក្តី​សង្ឃឹម ឬ​មួយ​ជួយ​គេ​ឲ្យ​បាន​ហាត់​រៀន​ពី​វិធី​អប់រំ​ចិត្ត​តាម​លទ្ធភាព​ណា​មួយ​អាច​ធ្វើ​ទៅ​បាន ឬ​អាច​ជួយ​អប់រំ​ចិត្ត​តាម​ព្រះពុទ្ធ​សាសនា គឺ​បដិបត្តិ​សីល សមាធិ វិបស្សនា​ជាដើម។
លោក​បាន​បន្ថែម​ថា ការ​អប់រំ​ចិត្ត​ ជា​​វិធី​មួយ ដែល​អាច​ឲ្យ​មនុស្ស​បាន​យល់​ដឹង​នូវ​អ្វី​ដែល​ជា​ច្បាប់​ធម្មជាតិ អនិច្ចំ ​ឬ​របស់​មិន​ទៀង ទុក្ខំ ជា​សេចក្ដី​ទុក្ខ និង​អនត្តា មិន​មែន​ខ្លួន។ កាល​ណា​មនុស្ស​បាន​យល់​អំពី​រឿង​នេះ គឺ​គេ​អាច​យល់​ថា មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​សេចក្ដី​ទុក្ខ​ជាប់​តាម​ខ្លួន​ជានិច្ច ទោះ​តិច​ច្រើន គឺ​អាស្រ័យ​ទៅ​តាម​កម្ម ឬ​អំពើ​ដែល​បុគ្គល​ម្នាក់ៗ​បាន​ធ្វើ។ ប្រសិន​បើ​គេ​បាន​ធ្វើ​អំពើ​អាក្រក់​ច្រើន នោះ​គេ​ក៏​នឹង​ទទួល​ផល​មក​វិញ​ជា​ទុក្ខ​ទោស​ច្រើន។ ប៉ុន្តែ​ប្រសិន​បើ​គេ​បាន​សាង​អំពើ​ល្អ​ច្រើន​នោះ ផល​ហុច​ឲ្យ​មក​វិញ​ក៏​ទៅ​តាម​អំពើ​ធ្វើ​នោះ​ដែរ។ ការ​និយាយ​អំពី​កម្មផល ពីព្រោះ​សំអាង​ទៅ​លើ​ហេតុ​ថា មនុស្ស​សព្វថ្ងៃ​រស់​នៅ​ក្នុង​សំណាញ់​ធម្មជាតិ ដូច្នេះ​អ្នក​ដែល​បាន​សាប​ព្រោះ​ពូជ​បែប​ណា គឺ​គេ​នឹង​ទទួល​ផល​ផ្លែផ្កា​បែប​នោះ។ ប្រភព​ពី RFA
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.