Side Ad

ឈឺ​ពោះ​ឆ្លង​ទន្លេ ប្តី​ឌុប​មិន​ទាន់​ដល់​ពេទ្យ​ផង​​ប្រពន្ធ​ឆ្លង​ទន្លេ​តាម​ផ្លូវ​

កណ្តាល៖​ បុរស​ម្នាក់​បាន​ឌុ​ប​ប្រពន្ធ​របស់​ខ្លួន​តាម​ម៉ូតូ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សម្រាល​​កូន​ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ពាក់​កណ្តាលផ្លូវ​ ស្រាប់តែ​ប្រពន្ធ​អង្គុយ​ខាងក្រោយ​ដែល​មាន​ទម្ងន់​គ្រប់​ខែ​ហើយ​នោះ​ សម្រាល​​កូនស្រី​មក​នៅ​ពាក់​កណ្តាលផ្លូវ​។​ ស្ត្រី​ជា​ប្រពន្ធ​បាន​ឈឺពោះ​កាន់តែ​ខ្លាំង​ បុរស​ជា​ប្តី​ក៏​បង្ខំចិត្ត​ឈប់​នៅ​ចិញ្ចើម​ផ្លូវ​ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​សង្គ្រោះ​ អ្នកខ្លះរ​ត់ទៅ​រក​ពេទ្យឆ្មប​ ខ្លះ​ទៀត​យក​កន្ទេល​ សារុង​មក​ក្រាល​ ខ្លះ​រត់​យក​ភ្លើង​ពិល​បំភ្លឺ​ ទីបំផុត​ក៏​សម្រាល​​បានកូន​ស្រី​ម្នាក់​ រួច​ផុត​ពី​គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​ទារិកា​។​

​ហេតុការណ៍​សម្រាលកូន​នៅ​ពាក់​កណ្តាលផ្លូវ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ យប់​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០១៤​ នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២១B​ ចំណុ​ច​​ជិត​ស្ពាន​លេខ​១​ កុមារ​អា​រុណ​រះ​ ស្ថិត​ក្នុងភូមិ​ទួល​ក្រសាំង​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​។​



​ស្ត្រី​ជា​ម្ដាយ​​ដែល​ឆ្លងទន្លេ​តាម​ផ្លូវ​មានឈ្មោះ​ ម៉ែ​ន​ ចាន់​ថា​ អាយុ​២៧​ឆ្នាំ​ រីឯ​ប្តី​ឈ្មោះ​ សយ​ សៅ​ អាយុ​៤៣​ឆ្នាំ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​កោះ​ខ្សាច់​ជ​ន្លា​ ឃុំ​កោះ​ខ្សាច់​ជ​ន្លា​ ស្រុក​ស្អាង​ ខេត្តកណ្តាល​។​

​បុរស​ជា​ប្តី​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ប្រពន្ធ​ឈឺពោះ​ ខ្លួន​ក៏​យក​ម៉ូតូ​មក​ឌុ​ប​បំណង​យក​ទៅ​ឆ្លងទន្លេ​នៅ​គ្លីនិក​ឯក​ជង​ កែវ​សាន្ត​ ខណៈ​ឆ្លង​បាន​ត្រឹម​ស្ពាន​ទី​១​ ប្រពន្ធ​ឈឺពោះ​កាន់តែ​ខ្លាំង​ឡើង​ ក៏​បង្ខំចិត្ត​ឈប់​ម៉ូតូ​អែប​នៅ​ចិញ្ចើម​ផ្លូវ​។​ គ្រានោះ​ក៏​មាន​ប្រជាពលរដ្ឋ​មក​ជួយ​សង្គ្រោះ​ និង​មាន​កម្លាំង​នគរបាល​មក​ជួយ​ការពា​សន្តិសុខ​ និង​ធ្វើ​សណ្តាប់ធ្នាប់​ផង​ដែរ​។​

​បុរស​ជា​ប្តី​​បាន​បន្ត​ថា​ មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​ប្រពន្ធ​របស់​គាត់​ប្រ​សម្រាល​​បានកូន​ស្រី​ម្នាក់​ ដោយ​មានការ​ជួយ​យកអាសារ​ពី​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ អ្នកខ្លះរ​ត់ទៅ​រក​ពេទ្យឆ្មប​ ខ្លះ​ទៀត​យក​សម្ភារៈ​មក​ជួយ​បិទ​បាំង​ និង​ដាក់​ភ្លើង​បំភ្លឺ​។​ ក្រោយ​ពី​សម្រាល​កូន​​នៅ​ចិញ្ចើម​ផ្លូវ​ហើយ​ បងប្អូន​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​បាន​ជួយ​ចាត់ចែង​បន្ថែម​ទៀត​ ដឹក​បន្ត​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ជ័យ​ជំនះ​។​

​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​​បុរស​ជា​ប្តី​ឈ្មោះ​ សយ​ សៅ​ ក៏​បាន​ថ្លែងអំណរគុណ​អ្នក​ដែល​បាន​ជួយ​យកអាសារ​ទាំងអស់​ ដែល​នាំ​គ្នា​ជួយ​សង្គ្រោះ​ប្រពន្ធ​ និង​ទារិកា​រួច​ផុត​ពី​គ្រោះថ្នាក់​។​ ​តាម​ការ​ត្រួតពិនិត្យ​សុខភាព​ ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា​ ទាំង​ម្តាយ​ និង​កូន​ មាន​សុខភាព​ល្អជា​ធម្មតា​ ឥឡូវ​កំពុង​សម្រាក​នៅ​ក្នុង​មន្ទី​ពេទ្យ​៕

អត្ថ​បទ​ដោយ​៖ ក្តាម​ថ្ម​
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.